ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
RFI ខេមរភាសា / Khmer
0
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Episódios
-
តើកម្ពុជាអាចទាញបានប្រយោជន៍អ្វីខ្លះពីកិច្ចសហប្រតិបត្តិការយោធាជាមួយតួកគី? 17.10.2026 9minកម្ពុជា និងតួកគី បានចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងអ៊ីស្តង់ប៊ុល។ ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើង នាអំឡុងពេលទស្សនៈកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសតួកគី។ តួកគីជាប្រទេស ដែលមានកម្លាំងយោធាខ្លាំងលំដាប់ទី៩ លើពិភពលោក និងជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងហៅកាត់ថា NATO។ តើកម្ពុជាអាចទាញបានប្រយោជន៍អ្វីខ្លះពីកិច្ចសហប្រតិបត្តិការយោធាជាមួយតួកគី? -
តើទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែតនៅតំបន់អឺរ៉ាស៊ីហុចប្រយោជន៍អ្វីខ្លះដល់កម្ពុជា? 16.10.2026 12minនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន និងកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអាស៊ែបៃហ្សង់ តួកគី និងប្រទេសកាហ្សាក់ស្ថានចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៧ ខែតុលា។ ដំណើរទស្សនកិច្ចនៅតំបន់អឺរ៉ាស៊ីនេះមានគោលដៅពង្រឹងទំនាក់ទំនងការទូត ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញទំនាក់ទំនងពាណិជ្ជកម្ម។ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិសាទរចំពោះការខិតខំស្វះស្វែងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ពិសេសស្វែងរកការគាំទ្រផ្នែកការទូតជុំវិញជម្លោះព្រំដែនជាមួយថៃ។ តែសម្រាប់ផ្នែកពាណិជ្ជកម្ម និងវិនិយោគវិញ អ្នកជំនាញយល់ថា ត្រូវការពេលវេលាបន្តិច និងត្រូវការមានការធានាបរិយាកាសល្អនូវនយោបាយផ្ទៃក្នុងកម្ពុជា។ -
តើកិច្ចប្រជុំ UNCLOS លើកទី២ អាចសម្រេចបានអ្វីខ្លះនៅក្នុងវិវាទដែនសមុទ្ររវាងកម្ពុជា-ថៃ? 15.10.2026 10minប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន កំពុងដឹកនាំគណៈប្រតិភូជំនាញច្បាប់ និងកិច្ចការព្រំដែនចូលរួមកិច្ចប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សា តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលធ្វើឡើងនៅទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨តុលា ឆ្នាំ២០២៦។ អ្នកតាមដានភូមិសាស្ត្រនយោបាយខ្លះយល់ថា កិច្ចប្រជុំលើកទី២នេះជាកិច្ចប្រជុំបច្ចេកទេស និងមិនទាន់អាចប៉ាន់ស្មានថានឹងបញ្ចប់នាពេលឆាប់ៗទេ។ ចំណែកអ្នកខ្លះទៀតយល់ថា ភាគីទាំងសងខាងត្រូវមានឆន្ទៈពិតប្រាកដ និងជំហររួមដើម្បីឈានទៅដល់ការដោះស្រាយវិវាទ។ តើកិច្ចប្រជុំ UNCLOS លើកទី២ អាចសម្រេចបានអ្វីខ្លះនៅក្នុងវិវាទដែនសមុទ្ររវាងកម្ពុជា-ថៃ? -
ហេតុអ្វីការរួបរួមរវាងអ្នកនយោបាយខ្មែរពីគ្រប់និន្នាការជាកត្តាចម្បងដើម្បីដោះស្រាយបញ្ហាអធិបតេយ្យជាតិ? 14.10.2026 12minប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត និងអ្នកនយោបាយខ្មែរដែលមាននិន្នាការប្រឆាំងនៅក្រៅប្រទេស គឺលោក អ៊ុំ សំអាន បានឆ្លងឆ្លើយសារគ្នាជុំវិញការស្វែងរកដំណោះស្រាយឲ្យជម្លោះព្រំដែនជាមួយថៃ។ ទីបំផុតនៅថ្ងៃទី១៤ តុលា លោក អ៊ុំ សំអាន បានយល់ព្រមចូលស្រុកតាមសំណើរបស់លោក ហ៊ុន ម៉ាណែត ដោយសន្យាមិនភ្ជាប់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា តែបន្តទាមទារឲ្យមានការទម្លាក់ចោលបទចោទប្រកាន់ និងលើកលែងទោសដល់ប្រតិភូក្រុមការងាររបស់លោក។ ចំពោះអ្នកតាមដាននយោបាយខ្មែរ ការរួបរួមរវាងអ្នកនយោបាយខ្មែរពីគ្រប់និន្នាការជាកត្តាចម្បងដើម្បីដោះស្រាយបញ្ហាអធិបតេយ្យជាតិ។ -
ហេតុអ្វីទូរទស្សន៍ ALJAZEERA ចាក់ផ្សាយភាពយន្តស្តីពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា? 13.10.2026 16minថ្មីៗនេះ ទូរទស្សន៍ ALJAZEERA បានចេញផ្សាយភាពយន្តស៊ើបអង្កេតមួយដែលបង្ហាញពីអាណាចក្រឧក្រិដ្ឋកម្មឆបោកអនឡាញដ៏ធំសម្បើមមួយនៅខេត្តកោះកុង ប្រទេសកម្ពុជា។ ការចេញផ្សាយភាពយន្តនេះធ្វើឡើង ក្រោយរដ្ឋាភិបាលកម្ពុជាបានប្រកាសនាពេលថ្មីៗនេះថា កម្ពុជាលែងមានអគារធំៗសម្រាប់បន្តធ្វើប្រតិបត្តិការឆបោកអនឡាញទៀតហើយ។ អ្នកតាមដានសង្គមកម្ពុជាខ្លះយល់ឃើញថា ភាពយន្តនេះបង្កប់ន័យនយោបាយដើម្បីសម្អុយកេរ្តិ៍ឈ្មោះកម្ពុជា។ តែអ្នកវិភាគខ្លះវាយតម្លៃថា កម្ពុជានៅមានការងារសេសសល់ជាច្រើនទៀតដែលត្រូវធ្វើដើម្បីលុបលាងកេរ្តិ៍ឈ្មោះរបស់ខ្លួន។ -
តើមានសេណារីយ៉ូអ្វីខ្លះនៅពីក្រោយសារឆ្លើយឆ្លងរវាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន? 12.10.2026 14minប៉ុន្មានថ្ងៃចុងក្រោយនេះ សារឆ្លើយឆ្លងគ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអតីតតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន លើបញ្ហាព្រំដែន បានក្លាយជាប្រធានបទនៃការជជែកវែកញែកគ្នាយ៉ាងក្តៅគគុកលើបណ្តាញសង្គម។ អ្នកតាមដាននយោបាយខ្លះចំអកថា ការប្លោងសារដាក់គ្នារវាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន នឹងគ្មានប្រយោជន៍សម្រាប់ជាតិទេ តែខ្លះទៀតជឿថា ទាំងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន អាចមានវិធីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ បើសិនជាអ្នកទាំងពីរស្រុះស្រួលគ្នា។ តើមានសេណារីយ៉ូអ្វីខ្លះនៅពីក្រោយសារឆ្លើយឆ្លងរវាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន? -
អ្វីទៅដំណោះស្រាយ ដើម្បីបញ្ចៀសការកកស្ទះយូរម៉ោងពេលបុណ្យទានធំៗ? 11.10.2026 13minការកកស្ទះចរាចរណ៍ច្រើនម៉ោងតែងកើតមានឡើងជារៀងរាល់ឆ្នាំ នៅពេលដែលពលរដ្ឋសម្រុកចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ស្រុកកំណើត នាឱកាសពិធីបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្មាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌជាដើម។ អ្នកជំនាញផ្នែកចរាចរណ៍ផ្លូវគោកចាត់ទុកការកកស្ទះចរាចរណ៍ បណ្តាលមកពីឥរិយាបថបើកបររបស់អ្នកប្រើប្រាស់ដងផ្លូវ និង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនទាន់អាចឆ្លើយតបចំពោះតម្រូវការ។ តែសម្រាប់អ្នកវិភាគសង្គមវិញយល់ថា ដើម្បីបញ្ចៀសបញ្ហាកកស្ទះចរាចរណ៍ពេលមានពិធីបុណ្យជាតិធំៗ គឺផ្តើមចេញការចេះគោរពច្បាប់ចរាចរណ៍របស់ពលរដ្ឋ និងការត្រៀមរៀបចំទិសដៅសម្រួលចរាចរណ៍ពីអាជ្ញាធរមូលដ្ឋាន។ -
ហេតុអ្វីកម្ពុជាបន្តស្ថិតនៅចំណាត់ថ្នាក់ទាបក្នុងក្រសែភ្នែកអាមេរិករឿងជួញដូរមនុស្ស? 09.10.2026 13minនៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០២៦ ចេញផ្សាយថ្ងៃទី៨ តុលា ក្រសួងការបរទេសអាមេរិកបានបន្តដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់ទី៣ (Tier 3) ដែលជាចំណាត់ថ្នាក់ទាបបំផុត។ អ្នកវិភាគនយោបាយយល់ថា របាយការណ៍ថ្មីនេះជាសារមួយដែលអាមេរិកចង់ព្រមានរដ្ឋាភិបាលកម្ពុជាចំពោះភាពមិនអើពើដោះស្រាយចំណុចមួយចំនួនដែលអាមេរិកបានទាមទារកន្លងមក។ ទន្ទឹមគ្នានេះ អ្នកវិភាគក៏បារម្ភដែរថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនដោះស្រាយបញ្ហាឱ្យចំឫសគល់ទេនោះ កម្ពុជាអាចនឹងប្រឈមការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកនាពេលខាងមុខ។ ហេតុអ្វីកម្ពុជាបន្តស្ថិតនៅចំណាត់ថ្នាក់ទាបក្នុងក្រសែភ្នែកអាមេរិករឿងជួញដូរមនុស្ស? -
តើរដ្ឋាភិបាលគួរមានវិធានការអ្វីខ្លះដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ? 08.10.2026 9minថ្មីៗនេះ មានការជជែកដេញដោលគ្នានៅក្នុងវេទិកាពិភាក្សាមួយពាក់ព័ន្ធនឹងការធ្លាក់ចុះវិស័យទេសចរណ៍នៅកម្ពុជា។ វេទិកានេះបានលើកឡើងពីការរិះគន់ និងបានចោទជាសំណួរថា តើក្រសួងទេសចរណ៍គួរធ្វើបែបណាដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ។ ក្រសួងទេសចរណ៍បានចេញមុខទទួលស្គាល់ពីបញ្ហាប្រឈម និងការថយចុះចំនួនភ្ញៀវទេសចរណ៍យ៉ាងគំហុក។ ចំណែកអ្នកពាក់ព័ន្ធក្នុងវិស័យនេះបានឲ្យចាយោបល់ថា មានតែការរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទេទើបអាចទាញវិស័យទេសចរណ៍ឱ្យងើបឡើងវិញបាន។ តើរដ្ឋាភិបាលគួរមានវិធានការអ្វីខ្លះដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ? -
ហេតុអ្វីគណបក្សប្រឆាំង និងសហជីពខ្លះមិនទទួលយកការដំឡើងប្រាក់ឈ្នួលកម្មករ ២ដុល្លារ? 06.10.2026 10minគណបក្សកម្លាំងជាតិ និងសហជីព ព្រមទាំងស្ថាប័នសង្គមស៊ីវិលមួយចំនួនបានសម្តែងការខកចិត្តចំពោះការសម្រេចរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលដំឡើងប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរចំនួន ២ដុល្លារសម្រាប់ឆ្នាំ២០២៧។ ខកចិត្តដោយពួកគេយល់ថា ការដំឡើងប្រាក់ឈ្នួលតែ ២ដុល្លារទៅលើប្រាក់ឈ្នួលចាស់ ២១០ដុល្លារមិនបានឆ្លើយតបទៅនឹងតម្រូវការរស់នៅប្រចាំថ្ងៃរបស់កម្មករវិស័យកាត់ដេរទេ។ ហេតុអ្វីគណបក្សប្រឆាំង និងសហជីពខ្លះមិនទទួលយកការដំឡើងប្រាក់ឈ្នួលកម្មករ ២ដុល្លារ? -
តើស្ថានភាពនយោបាយនៅកម្ពុជាមានលក្ខណៈដូចម្តេច នៅមុនការបោះឆ្នោតមកដល់? 04.10.2026 10minបញ្ហាសេរីភាពបញ្ចេញមតិ និងលំហនយោបាយនៅកម្ពុជា ត្រូវបានលើកឡើង ក្នុងសម័យប្រជុំលើកទី៦៣នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស និងចក្រភពអង់គ្លេស។ ពួកគេសំដែងការព្រួយបារម្ភពីការរួមតូចនៃលំហសង្គមស៊ីវិល និងនយោបាយនៅកម្ពុជា ដោយចាត់ទុកថា បញ្ហានេះអាចប៉ះពាល់ទំនុកចិត្តលើការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខ។ តើស្ថានភាពនយោបាយនៅកម្ពុជាមានលក្ខណៈយ៉ាងដូចម្តេច នៅមុនការបោះឆ្នោតមកដល់? -
តើការបំពេញកាតព្វកិច្ចយោធាជាបន្ទុក ឬជាឱកាសសម្រាប់យុវជន? 02.10.2026 13minប្រទេសកម្ពុជាចាប់ផ្តើមប្រកាសឲ្យយុវជនដាក់ពាក្យចូលបំរើកាតព្វកិច្ចកងទ័ពចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ គួររម្លឹកជូនថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានប្រកាសដាក់ឲ្យប្រើជាផ្លូវការកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ក្នុងរយៈពេលតែ ១ថ្ងៃក្នុងថ្ងៃទី១ តុលា មានយុវជនជិត ៣ ០០០នាក់ បានដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធាស័្មគ្រចិត្ត។ អ្នកតាមដានសង្គម និងនយោបាយខ្មែរភាគច្រើនបានចាត់ទុកការចូលបំពេញកាតព្វកិច្ចយោធាថាជាឱកាស ជាជាងជាបន្ទុករបស់យុវជន។ -
តើរដ្ឋាភិបាលគួរមានយន្តការអ្វីខ្លះដើម្បីតាមដានការបញ្ឈប់ការដូរក្រវិលរង្វាន់ស្រាបៀរ? 01.10.2026 12min -
តើការបង្ហោះអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួនលើបណ្តាញសង្គមអាចបង្កហានិភ័យអ្វីខ្លះ? 30.09.2026 15minប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាបង្ហោះអត្តសញ្ញាណបណ្ណរបស់ខ្លួន ក្រោយឮថា ក្រុមហ៊ុន META តម្រូវឱ្យបង្ហោះដើម្បីជៀសវាងការបាត់ ឬខូចគណនីបណ្តាញសង្គម។ អ្នកជំនាញផ្នែកសន្តិសុខឌីជីថលលើកឡើងថា ក្រុមហ៊ុន META មិនបានទាមទារឱ្យអ្នកប្រើប្រាស់បង្ហាញអត្តសញ្ញាណបណ្ណរបស់ខ្លួនដោយបង្ហោះនៅលើបណ្តាញសង្គមទេ។ បើតាមអ្នកជំនាញដដែល ការបង្ហោះអត្តសញ្ញាណបណ្ណជាសាធារណៈអាចប្រឈមនឹងហានិភ័យពីការលួច ឬយកទិន្នន័យផ្ទាល់ខ្លួនទៅប្រើប្រាស់ក្នុងគោលបំណងមិនល្អ។ តើការបង្ហោះអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួនលើបណ្តាញសង្គមអាចបង្កហានិភ័យអ្វីខ្លះ និងថា តើគេគួរប្រុងប្រយ័ត្នបែបណា? -
ហេតុអ្វីសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានបន្តជាប់គាំង? 29.09.2026 10minនៅថ្ងៃចន្ទ ទី២៨ កញ្ញា ក្រុមអង្គការសង្គមស៊ីវិលជាង ៥០ស្ថាប័នបានស្នើជាថ្មីឲ្យពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានក្នុងឆ្នាំ២០២៦ ឬឆ្នាំ ២០២៧ ខាងមុខ។ ក្រុមអង្គការសង្គមស៊ីវិលយល់ថា ច្បាប់មួយនេះនឹងធ្វើឲ្យរដ្ឋាភិបាលកម្ពុជាទទួលបានទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។ តែជាង ២០ឆ្នាំមកនេះ សេចក្តីព្រាងច្បាប់មួយនេះនៅបន្តជាប់គាំងដោយមិនទាន់បានអនុម័តនៅឡើយទេ។ ភាពជាប់គាំងដែលអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយបានទម្លាក់កំហុសដាក់រដ្ឋាភិបាលថាខ្វះឆន្ទៈនយោបាយ។ តែតំណាងរដ្ឋាភិបាលឆ្លើយថា សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតក្នុងដំណាក់កាលផ្ទៀងផ្ទាត់ពីទិដ្ឋភាពច្បាប់របស់កម្ពុជា។ -
តើការផ្អាកផាកពិន័យបទល្មើសចរាចរណ៍មួយចំនួនអំឡុងបុណ្យភ្ជុំបិណ្ឌអាចបង្កហានិភ័យអ្វីខ្លះ? 28.09.2026 10minនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៦នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញបទបញ្ជាឲ្យផ្អាកការផាកពិន័យលើបទល្មើសចរាចរណ៍មួយចំនួន លើកលែងតែករណីបើកបញ្ច្រាសទិស និងបំពានភ្លើងស្តុប។ ក្នុងចំណោមបទល្មើសចរាចរណ៍ ដែលត្រូវបានផ្អាកក៏មានករណីបើកបរលើសល្បឿនកំណត់ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ខណៈដែលបទល្មើសទាំងពីរនេះ ជាបទល្មើសចម្បងនៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ អ្នកជំនាញនានាបារម្ភថា ការផ្អាកផាកពិន័យលើបទល្មើសចរាចរណ៍មួយចំនួននារដូវបុណ្យភ្ជុំបិណ្ឌអាចនឹងធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន។ -
មហាសន្និបាត អ.ស.ប. អាចជួយឲ្យកម្ពុជា និងថៃ មានដំណោះស្រាយជម្លោះព្រំដែនកំរិតណា? 27.09.2026 14minនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានឡើងថ្លែងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី។ នៅទន្ទឹមនេះ ប្រមុខការទូតកម្ពុជា បានស្នើឲ្យភាគីថៃបញ្ឈប់សកម្មភាពទន្ទ្រានទឹកដីកម្ពុជាតទៅទៀត។ នៅ អ.ស.ប. ដែរ នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន ក៏បានថ្លែងថា ថៃមិនដែលចង់បង្កើតជម្លោះទេ និងត្រូវការកិច្ចសហការដោយស្មោះត្រង់ពីកម្ពុជា។ អ្នកតាមដាននយោបាយ និងសង្គមខ្លះគាំទ្រជម្រើសដំណោះស្រាយតាមការទូតរបស់កម្ពុជា និងខ្លះទៀតរំពឹងតិចតួចចំពោះយន្តការអន្តរជាតិក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសតាមរយៈមហាសន្និបាតអង្គការសហប្រជាជាតិលើកនេះ។ -
តើកម្ពុជាអាចសម្រេចសេចក្តីប្រកាសទីក្រុងភ្នំពេញ ដើម្បីបញ្ចប់ការឆបោកអនឡាញដែរឬទេ? 25.09.2026 15minសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរយៈពេល ២ថ្ងៃ បានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ជាមួយសេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលរួមមាន ១១ចំណុច។ អ្នកតាមដាននយោបាយ និងសង្គមមួយចំនួនមើលឃើញ និងយល់ស្របជាមួយរដ្ឋាភិបាលដែលថា សន្និសីទអន្តរជាតិនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា។ តែខ្លះទៀតមិនទាន់មានជំនឿនៅឡើយចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបោសសម្អាតឲ្យដល់ឫសគល់នៃឧក្រិដ្ឋកម្មអនឡាញ។ -
អ្នកវិភាគ៖ កិច្ចសហការជាមួយអន្តរជាតិក្នុងបទល្មើសស្កេមមិនមែនជាការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា 24.09.2026 14minសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ចប់ជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញានេះ ដោយបានអនុម័តនូវសេចក្តីប្រកាសរួមទីក្រុងភ្នំពេញដែលមាន ១១ចំណុច។ សេចក្តីប្រកាសរួមទីក្រុងភ្នំពេញនេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ និងបទល្មើសឆ្លងដែនពាក់ព័ន្ធផ្សេងៗទៀត។ កម្ពុជា តាមរយៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា អំពើឆបោកអនឡាញពុំមែនកើតចេញពីកម្ពុជានោះទេ និងថា កម្ពុជាក៏ជាអ្នករងគ្រោះដែរ។ អ្នកវិភាគនយោបាយ និងកិច្ចការអន្តរជាតិយល់ស្របថា កម្ពុជា គឺជាប្រទេសរងគ្រោះក្នុងអំពើឆបោកអនឡាញ។ ប៉ុន្តែពួកគេយល់ថា កម្ពុជាក៏មានចំណែកទទួលខុសត្រូវដែរ ព្រោះថាមន្ត្រីក្នុងជួររដ្ឋាភិបាលមួយចំនួនជាអ្នកទទួលបានផលប្រយោជន៍ និងកាងឱ្យក្រុមឧក្រិដ្ឋជនទាំងនោះ។ មួយវិញទៀត និងបើតាមអ្នកវិភាគ កម្ពុជាត្រូវបង្ហាញឆន្ទៈពិតប្រាកដជាមួយសហគមន៍អន្តរជាតិក្នុងការបោសសម្អាតបទល្មើសឆបោកអនឡាញ ដោយមិនត្រូវចាត់ទុកការឈឺឆ្អាលរបស់អន្តរជាតិជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។ -
អ្វីទៅជាការរំពឹងទុករបស់កម្ពុជាពីសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងឆបោកអនឡាញ? 23.09.2026 14min«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នេះជាប្រធានបទនៃសន្និសីទអន្តរជាតិរយៈពេល ២ថ្ងៃដែលចាប់ផ្តើមពីថ្ងៃទី២៣ ដល់ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ អ្នកតាមដានសង្គមមួយចំនួន និងរដ្ឋាភិបាលកម្ពុជាមើលឃើញថា សន្និសីទដែលទទួលបានការគាំទ្រជាវិជ្ជមានមួយនេះមានអត្ថប្រយោជន៍ខ្លាំងសម្រាប់កម្ពុជា។ តែអ្នកវិភាគខ្លះបែរជាយល់ឃើញថា សន្និសីទនេះជាសម្ពាធពីអន្តរជាតិ និងជាការទទូចឲ្យរដ្ឋាភិបាលកម្ពុជាបង្ហាញឆន្ទៈពិតប្រាកដក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មមួយនេះ។ អ្វីទៅជាការរំពឹងទុករបស់កម្ពុជាពីសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងឆបោកអនឡាញ?
Popular em
Este podcast também aparece nas paradas de podcasts destes países.