បទសម្ភាស

បទសម្ភាស

RFI ខេមរភាសា / Khmer
Land Kambodscha
Genres Nachrichten
Sprache KM
Folgen 24
Letzte 20.07.2026

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Folgen

  • លោក ខូយ រីដា៖ រដ្ឋបាលខេត្តនឹងបើកទឹកពីទំនប់វារីអគ្គិសនី បើបាតុភូត El Nino កាន់តែធ្ងន់ធ្ងរ 20.07.2026 7Min.
    ខេត្តពោធិ៍សាត់ត្រូវប្រឈមនឹងគ្រោះរាំងស្ងួតចាប់ពីថ្ងៃទី២០ ខែកក្កដារហូតដល់ ថ្ងៃទី១០សីហា។ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ដោយទាញសញ្ញាអាសន្នថា បាតុភូតធម្មជាតិមួយនេះនឹងធ្វើឲ្យខេត្តពោធិ៍សាត់ជួបបញ្ហាខ្វះទឹកសម្រាប់ដំណាំស្រូវ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃចន្ទ ទី២០ កក្កដានេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា មានក្រុង ស្រុកមួយចំនួនកំពុងប្រឈមខ្លាំងនឹងបាតុភូតធម្មជាតិ El Nino។ បើតាមលោក ខូយ រីដា អាជ្ញាធរកំពុងបើកទំនប់ទាំងអស់ដែលមានស្រាប់ និង​ចែកចាយទឹកឲ្យពលរដ្ឋប្រើប្រាស់។ តែបើបាតុភូត El Nino កាន់តែធ្ងន់ធ្ងរ រដ្ឋបាលខេត្តអាចនឹងបើកទឹកពីទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់បន្ថែមទៀត។
  • លោក អ៊ុំ សំអាន៖ រដ្ឋាភិបាល ២៣ តុលាសង្ឃឹមថា ICC នឹងចាប់ខ្លួនមេដឹកនាំថៃក្នុងបទឧក្រិដ្ឋកម្មសង្រ្គាមលើកម្ពុជា 17.07.2026 14Min.
    នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដានេះ លោក អ៊ុំ សំអាន សមាជិករដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលាបានអះអាងពីការទិញសំបុត្រយន្តហោះត្រៀមធ្វើដំណើរទៅទីក្រុងឡេអេដើម្បីជួបរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៧ កក្កដានេះ លោក អ៊ុំ សំអានបញ្ជាក់ថា កម្មវត្ថុនៃជំនួបជាមួយរដ្ឋអាជ្ញា ICC គឺដើម្បីប្រាប់ពីវិនាសកម្មនៃសង្រ្គាមដែលកងទ័ពថៃបានឈ្លានពានកម្ពុជា និងទាមទារឲ្យ ICC ចាប់ខ្លួនមេដឹកនាំថៃទៅកាត់ទោស។
  • លោក អំ សំអាត៖ កម្ចីអនឡាញកំពុងក្លាយជាវិបត្តិសង្គមដែលទាមទារឱ្យមានវិធានការបន្ទាន់ 16.07.2026 12Min.
    កម្ចីអនឡាញខុសច្បាប់នៅកម្ពុជាកំពុងក្លាយជា​ការព្រួយបារម្ភ ខណៈមានពលរដ្ឋមួយចំនួនបានក្លាយជាជនរងគ្រោះ ព្រោះគ្មានលទ្ធភាពសងបំណុលក្នុងអត្រាការប្រាក់ខ្ពស់ រួមទាំងមានការទារបំណុលដោយប្រើវិធីគំរាមកំហែង។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូមើលឃើញថា កម្ចីអនឡាញកំពុងរីករាលដាលយ៉ាងខ្លាំងនៅកម្ពុជា និងថា ជនរងគ្រោះជាច្រើននាក់កំពុងជាប់បំណុលវ័ណ្ឌ ក។ សម្រាប់លោក អំ សំអាត នេះជាវិបត្តិសង្គមដែលទាមទារឱ្យអាជ្ញាធរចាត់វិធានការជាបន្ទាន់ និងឱ្យបានម៉ឺងម៉ាត់។ 
  • បណ្ឌិត គី សេរីវឌ្ឍន៍៖ ទស្សនកិច្ចញឹកញាប់របស់មេដឹកនាំកម្ពុជានៅចិនគឺដើម្បីជំរុញទំនាក់ទំនងទ្វេភាគី 15.07.2026 12Min.
    ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន រយៈពេល ៣ថ្ងៃពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។ កម្មវត្ថុនៃទស្សនកិច្ច គឺចូលរួមនៅក្នុងសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ និងជួបជាមួយមេដឹកនាំកំពូលចិន។ អ្វីជាការកត់សម្គាល់ ទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែតនៅចិនពេលនេះធ្វើឡើងតែ ៣សប្តាហ៍ប៉ុណ្ណោះ ក្រោយទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ សេដ្ឋវិទូ និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា ទស្សនកិច្ចញឹកញាប់របស់មេដឹកនាំកម្ពុជានៅចិនមានគោលដៅជំរុញទំនាក់ទំនង និងការវិនិយោគ ពោលមិនមែនជាការចូលដៃជាមួយចិនដើម្បីបង្កអសន្តិសុខសកលនោះទេ៕
  • លោក គង់ ពុទ្ធិការ៖ ការសង្គ្រោះប្រាសាទព្រះវិហារមិនបានលុបបំបាត់ស្លាកស្នាមនៃការបំផ្លិចបំផ្លាញពីយោធាថៃ 08.07.2026 11Min.
    អាជ្ញាធរជាតិព្រះវិហារបាន និងកំពុងសង្គ្រោះប្រាសាទព្រះវិហារដែលរងគ្រោះដោយការបំផ្លិចបំផ្លាញពីសំណាក់យោធាថៃ។ ការងារអាទិភាព ដែលអាជ្ញាធរជាតិព្រះវិហារកំពុងសង្គ្រោះនោះគឺ ការសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការទល់ទ្ររចនាសម្ព័ន្ធប្រាសាទ ការប្រមូលបំណែកថ្ម និងវត្ថុសិល្បៈដែលបាក់បែក ការស្តារប្រព័ន្ធធារាសាស្ត្របុរាណ និងការថតរូបភាព ៣D ដើម្បីទុកជា​ឯកសារសម្រាប់ការជួសជុល និងអភិរក្សនាពេលខាងមុខ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់ថា ការងារអាទិភាពក្នុងការសង្គ្រោះប្រាសាទព្រះវិហារ មិនបានលុបបំបាត់ស្លាកស្នាមដែលជាភស្តុតាងនៃការបំផ្លិចបំផ្លាញរបស់យោធាថៃកន្លងមកនោះឡើយ៕
  • លោក ម៉ម រិទ្ធី៖ ក្រសួងទេសចរណ៍ត្រូវអន្តរាគមន៍ជាបន្ទាន់ដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ 26.06.2026 13Min.
    យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរបានកើនឡើងជាង ២០លាននាក់ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៦។ តែប្រតិបត្តិករក្នុងវិស័យមួយបែរជាបានលើកឡើងថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានធ្លាក់ចុះទៅវិញ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃសុក្រទី២៦ មិថុនានេះ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជាបានអះអាង​ថា ចរន្តភ្ញៀវទេសចរបានធ្លាក់ចុះដែលបណ្តាលឱ្យសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនបន្តបិទទ្វារជាហូរហែ។ ក្នុងន័យនេះ និងដើម្បីជួយផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ លោក ម៉ម រិទ្ធី បានបានស្នើឲ្យក្រសួងទេសចរណ៍ចូលខ្លួនអន្តរាគមន៍ជាបន្ទាន់ ពិសេសបើកវគ្គបណ្តុះបណ្តាលដល់អ្នកដែលរកចំណូលបានពីវិស័យមួយនេះ។
  • លោក កែវ រតនៈ៖ តម្លៃប្រេងនៅកម្ពុជាមិនអាចធ្លាក់ចុះភ្លាមៗ តាមតម្លៃប្រេងអន្តរជាតិបានឡើយ 25.06.2026 16Min.
    ប៉ុន្មានថ្ងៃចុងក្រោយនេះ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះនៅត្រឹមចន្លោះ ៧០ និង៧៥ដុល្លារក្នុងមួយធុងបារ៉ែល។ តែនៅកម្ពុជា តម្លៃប្រេងលក់រាយនៅកម្ពុជាតាមស្ថានីយ៍ និងដេប៉ូចែកចាយនានាមិនទាន់ធ្លាក់ចុះភ្លាមៗឡើយ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានពន្យល់ថា ការដែលតម្លៃលក់រាយមិនអាចធ្លាក់ចុះ ឬកើនឡើងភ្លាមៗតាមតម្លៃប្រេងឆៅអន្តរជាតិបានព្រោះតែប្រេងឆៅទាំងនោះត្រូវការពេលដើម្បីចម្រាញ់។ ម៉្យាងទៀត និងបើតាម​លោក កែវ រតនៈ ស្ថានីយ៍ និងដេប៉ូចែកចាយប្រេងទាំងអស់ក៏ត្រូវការពេលដើម្បីបញ្ចេញស្តុកប្រេងចាស់ដែលទិញក្នុងតម្លៃទាប ឬខ្ពស់ មុនទទួលស្តុកថ្មី។
  • បណ្ឌិត គិន ភា៖ ក្នុងជម្លោះព្រំដែនខ្មែរ ថៃ កម្ពុជាមិនអាចប្រើចិនឲ្យដាក់សម្ពាធលើថៃបានទេ 24.06.2026 14Min.
    លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី២៥ ដល់ ២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ។ អំឡុងពេលទស្សនកិច្ច លោក ហ៊ុន សែន នឹងមានជំនួបជាមួយមេដឹកនាំចិនសំខាន់ៗ ដូចជាប្រធានាធិបតី លោក ស៊ី ជីនពីង នាយករដ្ឋមន្ត្រី លោក លី ឈាង និងប្រធានសភាតំណាងប្រជាជនចិន លោក ចាវ ឡឺជី។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាចង់ឃើញចិនដើរតួនាទីបន្ថែមទៀតនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ តែថា កម្ពុជាមិនអាចប្រើចិនឲ្យដាក់សម្ពាធលើថៃបានទេ៕
  • បណ្ឌិត សុខ ទូច៖ កម្ពុជាចាំបាច់ត្រូវលើករឿងជម្លោះខ្មែរ-ថៃនៅក្នុងជំនួបទ្វេភាគីជាមួយរុស្ស៊ី 17.06.2026 12Min.
    នៅថ្ងៃទី១៧ មិថុនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី និងប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ដែលចាប់ផ្តើមពីថ្ងៃទី១៧ ដល់ ១៨ មិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា កម្ពុជាចាំបាច់លើកពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាមួយមេដឹកនាំរុស្ស៊ីនៅក្នុងជំនួបទ្វេភាគី តែមិនអាចលើករឿងនេះនៅក្នុងកិច្ចប្រជុំពហុភាគីបានទេ។ មិនបានដោយហេតុថា រុស្ស៊ីបានប្រឡាក់ដៃរឿងឈ្លានពានអ៊ុយក្រែន៕
  • លោក កន សាវាង្ស៖ ការបើកលំហសេរីភាពដល់សកម្មជននយោបាយជារឿងដ៏ល្អសម្រាប់ការបោះឆ្នោតខាងមុខ 29.05.2026 11Min.
    ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានសម្តែងការគាំទ្រចំពោះការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតដ៏សំខាន់នេះ។ តែមន្ត្រីអង្គការឃ្លាំមើលការបោះឆ្នោតរូបនេះក៏មិនភ្លេចដាក់ក្តីសង្ឃឹម នៅបន្ទាប់ពីមានការលើកលែងទោស លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ រដ្ឋាភិបាលនឹងផ្តល់ការលើកលែងទោសដល់សកម្មជននយោបាយផ្សេងទៀត ដែលកំពុងជាប់ឃុំ ដើម្បីពួកគេមានសេរីភាពពេញលេញ ចូលរួមក្នុងការបោះឆ្នោតដោយសេរី៕
  • លោក កើត វិជ្ជា៖ គណបក្សខ្មែរខ្លាំងនឹងទៅធ្វើការដោយចុះសម្រុងជាមួយគណបក្សកាន់អំណាច 22.05.2026 14Min.
    កាលពីថ្ងៃទី១៣ ឧសភា ក្រសួងមហាផ្ទៃបានប្រកាសទទួលស្គាល់សញ្ញាសម្គាល់របស់គណបក្សខ្មែរខ្លាំង។ គណបក្សមួយនេះទើបត្រូវបានបង្កើតឡើងដោយលោក កើត វិជ្ជា អតីតមន្ត្រីនៃគណបក្សកម្លាំងជាតិ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃសុក្រ ទី២២ ខែឧសភានេះ លោក កើត វិជ្ជា បានបញ្ជាក់ថា ការសម្រេចចិត្តចេញពីគណបក្សកម្លាំងជាតិមកបង្កើតគណបក្សថ្មីដោយខ្លួនឯងពេលនេះ គឺមកពីលោកមើលឃើញថា គណបក្សប្រឆាំងតែងតែឆ្លៀតឱកាសវាយប្រហារគណបក្សកាន់អំណាចមិនឈប់ឈរ។ បើតាមលោក កើត វិជ្ជា គណបក្សខ្មែរខ្លាំងនឹងធ្វើការដោយចុះសម្រុងជាមួយគណបក្សកាន់អំណាច។
  • លោកបណ្ឌិត ឌុច ដារិន្ទ៖ កម្ពុជាមិនទាន់រងហានិភ័យពីកំណើនអតិផរណាទំនិញទេ 21.05.2026 14Min.
    ធនាគារជាតិបានឱ្យដឹងនៅក្នុងរបាយការណ៍ចេញផ្សាយថ្មីៗនេះថា អតិផរណាទំនិញនៅកម្ពុជាគិតត្រឹមខែមេសា ឆ្នាំ២០២៦ បានកើនឡើងក្នុងរង្វង់ ៥.៧៩%។ កំណើននេះបណ្តាលមកពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈជាសកល ការកើនឡើងតម្លៃដឹកជញ្ចូន និងកត្តារួមផ្សំជាច្រើនផ្សេងទៀត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី២១ ខែឧសភា លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា ការកើនឡើងអតិផរណាទំនិញដូចសព្វថ្ងៃនេះមិនទាន់ជាហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជាទេ។ តែលោកទទួលស្គាល់ថា ពលរដ្ឋខ្មែរដែលមានប្រាក់ចំណូលទាប និងមធ្យមត្រូវប្រឈមនឹងជីវភាពរស់នៅមួយផ្នែកដែលទាមទារឱ្យរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងទាន់ពេល។
  • លោក អ៊ឹម ក្រាវង្ស៖ មន្ត្រី និងនិស្សិតកម្ពុជាមានសមត្ថភាពប្រើភាសាបារាំងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី 20.05.2026 14Min.
    ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) បានបណ្តុះបណ្តាលមន្ត្រីក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធ រួមទាំងនិស្សិតស្ម័គ្រចិត្តមកពីគ្រឹះស្ថានឧត្តមសិក្សានានានៅកម្ពុជាចំនួន ៣៥០នាក់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាចុងឆ្នាំ២០២៦នេះ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ លោក អ៊ឹម ក្រាវង្ស តំណាងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងប្រចាំកម្ពុជាបានថ្លែងថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលអស់រយៈពេល ៦ខែ ដែលបានបញ្ចប់ក្នុងខែមីនា ឆ្នាំ២០២៦ នេះ កម្ពុជាមានធនធានមនុស្ស ដែលមានសមត្ថភាពប្រើប្រាស់ភាសា​បារាំងអំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ ២០២៦ នេះ៕
  • ឧកញ៉ា តែ តាំងប៉៖ យុទ្ធនាការ «ថៃជួយថៃ» មិនប៉ះពាល់ដល់ការធ្វើពហិការទំនិញថៃពីពលរដ្ឋខ្មែរ 13.05.2026 11Min.
    ថ្មីៗនេះ មេដឹកនាំថៃបានបង្ហាញរូបភាពយុទ្ធនាការ«ថៃជួយថៃ» ដើម្បីជួយគាំទ្រពលរដ្ឋថៃក្នុងការសម្រួលដល់ការរស់នៅរបស់ពួកគេ ដោយសារទំនិញឡើងថ្លៃ និងអាចមកពីការបិទព្រំដែនជាមួយកម្ពុជា។ សកម្មភាពរបស់មេដឹកនាំថៃធ្វើឡើង ស្របពេលពលរដ្ឋកម្ពុជាកំពុងបន្តពហិការទំនិញថៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(Fasmec) បានបញ្ជាក់ថា ទីផ្សារខ្មែរបច្ចុប្បន្នបានគ្របដណ្តប់ដោយទំនិញខ្មែរចំនួន ៣០%។ បើតាមលោកឧកញ៉ា តែ តាំងប៉ យុទ្ធនាការ «ថៃជួយថៃ» ដែលបង្កើតឡើងដោយមេដឹកនាំថៃគ្មានឥទ្ធិពលអ្វីលើការធ្វើពហិការទំនិញថៃពីពលរដ្ឋខ្មែរទេ៕
  • លោក ពុយ គា៖ អាស៊ានកំពុងពិចារណាបង្កើតប្រព័ន្ធទំនាក់ទំនងរហ័សដើម្បីដោះស្រាយវិបត្តិថាមពលសកល 08.05.2026 14Min.
    ថ្ងៃសុក្រ ទី៨ ឧសភាជាថ្ងៃទី២ និងជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ នៅក្នុងទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានផ្តល់បទសម្ភាសដល់វិទ្យុបារាំងអន្តរជាតិ RFI ពីទីក្រុងសេប៊ូនៅថ្ងៃសុក្រ ទី៨ ខែឧសភានេះថា កិច្ចប្រជុំកំពូលអាស៊ានលើកនេះរួមរឹតដោយបញ្ហាអន្តរជាតិ និងបញ្ហាតំបន់ រួមមាន វិបត្តិថាមពលដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា ជម្លោះនៅសមុទ្រចិនខាងត្បូង វិបត្តិនយោបាយភូមា និងជម្លោះព្រំដែនកម្ពុជា-ថៃ។ ទាក់ទងនឹងវិបត្តិថាមពលដែលកើតចេញពីសង្រ្គាមនៅមជ្ឈិមបូព៌ាត្រូវបានលោក ពុយ គា បញ្ជាក់ថា មេដឹកនាំអាស៊ានកំពុងលើកសំណើភ្ជាប់ប្រព័ន្ធទំនាក់ទំនងរហ័សទៅវិញទៅមកដើម្បីពិភាក្សារកដំណោះស្រាយជុំវិញវិបត្តិថាមពលសកល។
  • លោក ឃឹម ប៊ុនឡែន៖ បើទុរេនខុសច្បាប់បន្តហូរចូលពីក្រៅ ទុរេនក្នុងស្រុកនឹងរងគ្រោះខ្លាំង 07.05.2026 14Min.
    ថ្មីៗនេះ សមត្ថកិច្ចខេត្តបាត់ដំបងបានចាប់ឃាត់ខ្លួនស្ត្រីម្នាក់ដែលបានលួចនាំចូលទុរេនពីប្រទេសថៃមកលក់ក្នុងប្រទេសកម្ពុជា។ ការនាំចូលនេះបំពានបម្រាមដែលកម្ពុជាបានហាមឃាត់ការនាំចូលទំនិញប្រភេទបន្លែផ្លែឈើពីប្រទេសថៃ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRfi នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេនបានទទូចឱ្យមន្ត្រីនៅតាមព្រំដែនបញ្ឈប់ការគប់គិតគ្នានាំទុរេនដោយខុសច្បាប់ចូលទីផ្សារក្នុងស្រុក។ សម្រាប់លោក ឃឹម ប៊ុនឡែន ប្រសិនបើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះបញ្ហានេះទេ ការដាំដុះទុរេនក្នុងស្រុកនឹងរងការខាតបង់ និងរងហានិភ័យដួលរលំ៕
  • មេធាវី ផែង ហេង៖ សំណុំរឿងលោក កឹម សុខា អាចឆាប់ចប់ បើមានដំណោះស្រាយតាមផ្លូវនយោបាយ 06.05.2026 11Min.
    កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមតុលាការក្រុងភ្នំពេញទុកជាបានការចំពោះសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ទន្ទឹមគ្នានេះ សាលាឧទ្ធរណ៍ថែមទាំងបានបន្ថែមទោសដោយហាមមិនឲ្យលោក កឹម សុខាចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក ផែង ហេង សហមេធាវីការពារក្តីលោក កឹម សុខា បានថ្លែងថា លោក កឹម សុខា និងសហមេធាវីមិនទាន់អាចបញ្ជាក់បាននៅឡើយទេថាតើត្រូវបន្ត ឬមិនបន្តប្តឹងសាទុក្ខទៅតុលាការកំពូល។ តែសម្រាប់លោកមេធាវី ផែង ហេង ករណីលោក កឹម សុខា នឹងអាចឆាប់ចប់ បើសិនជាសំណុំរឿងនេះត្រូវបានដោះស្រាយតាមផ្លូវនយោបាយ៕
  • អ្នកឧកញ៉ា កុក អាន៖ ខ្ញុំរកស៊ីកាស៊ីណូ តែខ្ញុំមិនចេះរកស៊ីឆបោកអនឡាញទេ 28.04.2026 11Min.
    អ្នកឧកញ៉ា កុក អាន ដែលគេស្គាល់ជាអ្នកជំនួញដ៏មានឥទ្ធិពល និងជាសមាជិកព្រឹទ្ធសភាកម្ពុជាម្នាក់បានផ្តល់បទសម្ភាសផ្តាច់មុខឲ្យវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារ ទី២៨ ខែមេសានេះ។ ឆ្លើយនឹងសំណួររបស់ ជួប នរក្សា អ្នកឧកញ៉ា កុក អាន បានបញ្ជាក់ច្បាស់ៗថា លោកមិនចេះរកស៊ីឆបោកអនឡាញទេ។ ចម្លើយរបស់អ្នកឧកញ៉ា កុក អាន ដូចនេះជាការតបទៅនឹងក្រសួងសេដ្ឋកិច្ចអាមេរិកដែលបានដាក់ទណ្ឌកម្មលោកកាលពីថ្ងៃទី២៣ មេសា ដោយចោទលោកថាជាស្តេចមជ្ឈមណ្ឌលឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជា។ សមាជិកព្រឹទ្ធសភាកម្ពុជារូបនេះដដែលថែមទាំងអះអាងថា លោករកស៊ីតែខាងបើកកាស៊ីណូប៉ុណ្ណោះ និងមិនចេះរកស៊ីឆបោកអនឡាញអ្វីទេ។
  • លោក អូលីវីយេ រីឆា៖ ជម្លោះព្រំដែនខ្មែរ-ថៃជាប្រធានបទដែលបារាំងកំពុងតាមដានយ៉ាងដិតដល់ 27.04.2026 16Min.
    គិតចាប់តាំងពីឆ្នាំ ១៩៩១ មក លោក អូលីវីយេ រីឆា(Olivier Richard) គឺជាឯកអគ្គរដ្ឋទូតបារាំងទី១១ ប្រចាំកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ លោក អូលីវីយេ រីឆា បានបញ្ជាក់ថា ការងារអាទិភាពរបស់លោក ក្នុងនាមជាឯកអគ្គរដ្ឋទូតបារាំងពេលនេះ គឺគិតគូរអំពីកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា។ ទន្ទឹមគ្នានេះ លោក រីឆា ក៏បានលើកឡើងពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងនៅកម្ពុជានាឱកាសដែលកម្ពុជាត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅចុងឆ្នាំ២០២៦ នេះ។ ទាក់ទងនឹងជម្លោះព្រំដែនខ្មែរ-ថៃត្រូវបានលោក អូលីវីយេ រីឆា បញ្ជាក់ថា បារាំងកំពុងតាមដានយ៉ាងដិតដល់ និងត្រៀមផ្តល់រាល់ឯកសារប្រវត្តិសាស្ត្រឲ្យភាគីជម្លោះទាំងពីរដែលត្រូវការ៕
  • លោក លី សុវណ្ណារិទ្ធ៖ ជនភៀសសឹកភាគច្រើនសប្បាយចិត្តក្នុងការចូលរួមលេងល្បែងប្រជាប្រិយ 15.04.2026 7Min.
    ដើម្បីអបអរថ្ងៃបុណ្យចូលឆ្នាំថ្មី រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធីកម្សាន្តសប្បាយរយៈពេល ៣ថ្ងៃសម្រាប់ជនភៀសសឹកជិត ៣ ០០០គ្រួសារនៅជម្រកបណ្តោះអាសន្នស្ថិតក្នុងភូមិ និងឃុំស្លក្រាម នៃស្រុកស្វាយចេក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបាន​កត់សម្គាល់ថា ភាគច្រើននៃជនភៀសសឹកសប្បាយចិត្ត ដែលបានចូលរួមលេងល្បែងប្រជាប្រិយផ្សេងៗ។ តែអ្នកនាំពាក្យរូបនេះដដែលក៏បានមើលឃើញថា អាចមានអ្នកខ្លះ ដែលមិនបានចូលរួម មិនសូវសប្បាយចិត្តដែរ ដោយសារតែមានអារម្មណ៍ដិតដាមដោយការបាត់បង់ផ្ទះសម្បែង៕

Beliebt in

Dieser Podcast erscheint auch in den Podcast-Charts dieser Länder.