ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

RFI ខេមរភាសា / Khmer
Country Cambodia
Genres News
Language KM
Episodes 24
Latest 17.07.2026

រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។

Episodes

  • តើប្រទេស និងប្រជាជនអាចទទួលបានផលអ្វីខ្លះពីការបោះទុនវិនិយោគរបស់ក្រុមហ៊ុនធំៗចិននៅកម្ពុជា? 17.07.2026 12m
    នៅក្នុងដំណើរទស្សនកិច្ចចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅប្រទេសចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឆ្លៀតជួបក្រុមហ៊ុនធំៗរបស់ចិនចំនួន ៩ ដែលសុទ្ធសឹងជាក្រុមហ៊ុនសំខាន់ និងមានសក្តានុពល។ ក្នុងចំណោមក្រុមហ៊ុនទាំង ៩ មានខ្លះដែលកំពុងវិនិយោគនៅកម្ពុជាបានអះអាងពីការពង្រីក​ទុនវិនិយោគបន្ថែម ខណៈក្រុមហ៊ុនខ្លះទៀតបង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា។ អ្នកជំនាញសេដ្ឋកិច្ចមានសុទិដ្ឋិនិយមថា ក្រុមហ៊ុនយក្សរបស់ចិនទាំងនេះមិនបង្ហាញត្រឹមចំណាប់អារម្មណ៍ប៉ុណ្ណោះទេ តែពួកគេនឹងបោះទុនវិនិយោគជាក់ស្តែងនៅកម្ពុជាតែម្តង។ ដូច្នេះសួរថា តើប្រទេស និងប្រជាជនអាចទទួលបានផលអ្វីខ្លះពីការបោះទុនវិនិយោគរបស់ក្រុមហ៊ុនធំៗចិននៅកម្ពុជា?
  • តើចិនអាចជួយអ្វីទៀតក្នុងជម្លោះព្រំដែនខ្មែរ-ថៃ ខណៈមេដឹកនាំកម្ពុជា-ថៃកំពុងមានវត្តមាននៅចិន? 16.07.2026 10m
    ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតកំពុងមានវត្តមានក្នុងប្រទេសចិនដើម្បីចូលរួមសន្និសីទបញ្ញាសប្បនិម្មិតពិភពលោកឆ្នាំ២០២៦។ បើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា លោក ហ៊ុន ម៉ាណែតក៏នឹងមានជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីងដែរ។ នៅប្រទេសថៃ នាយករដ្ឋមន្រ្តី លោក អានុធិន ឆានវីរៈគូន ក៏ចូលរួមសន្និសីទបញ្ញាសប្បនិម្មិតពិភពលោកឆ្នាំ២០២៦ និងមានជំនួបជាមួយលោក ស៊ី ជីនពីងដែរ។ អ្នកតាមដានកិច្ចការអន្តរជាតិ​កត់​សម្គាល់ថា កិច្ចប្រជុំនៅចិនពេលនេះអាចជាវេទិកាដែលមេដឹកនាំកម្ពុជា និងថៃឆ្លៀតជួបជជែកគ្នាពីបញ្ហាព្រំដែន។ ចំណែកអ្នកជំនាញយល់ថា ចិនអាចនឹងព្យាយាម​ជួយសម្របសម្រួលដើម្បីរៀបចំជំនួបរវាងមេដឹកនាំកម្ពុជា និងថៃ។
  • តើគួរមានយន្តការត្រួតពិនិត្យលើការបើកប្រាក់ខែឲ្យកងទ័ពតាមធនាគារដែរ ឬទេ? 15.07.2026 8m
    ក្រសួងការពារជាតិបានឱ្យដឹងថា រដ្ឋាភិបាលនឹងបើកគណនីធនាគារជូនកងទ័ពទាំងអស់ឲ្យរួចរាល់នៅត្រឹមពាក់កណ្តាលឆ្នាំ ២០២៧ខាងមុខ និងថាបច្ចុប្បន្ន ក្រសួងកំពុងត្រៀមបញ្ជីឈ្មោះនៅគ្រប់បណ្តាអង្គភាពទាំង ១០៩ សម្រាប់បញ្ចូលក្នុងប្រព័ន្ធ។ បើតាមមន្ត្រីក្រសួងការពារជាតិ ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងទៅនេះ ចំនួនយោធិនដែលបើកប្រាក់ខែតាមប្រព័ន្ធធនាគារបានកើនដល់ជិត ៦ ៣០០នាក់។ អ្នកវិភាគសង្គមសាទរចំពោះការបើកប្រាក់ខែឱ្យកងទ័ពតាមប្រព័ន្ធធនាគារ តែក៏បានស្នើឱ្យក្រសួងការពារជាតិត្រួតពិនិត្យតម្លាភាព និងសុក្រិតភាពនៃបញ្ជីឈ្មោះរបស់កងទ័ពដើម្បីជៀសវាងអំពើពុករលួយ។
  • តើការអំពាវនាវរបស់សភាប្រើភាសាបារាំងមានឥទ្ធិពលបែបណាក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ? 13.07.2026 13m
    សភាប្រើភាសាបារាំង (APF) បានអំពាវនាវនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ឱ្យមានការគោរពម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពរបស់កម្ពុជា និងជៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយដែលបង្កឱ្យមានកំណើនតានតឹងកាន់តែធ្ងន់ធ្ងរនៅតាមព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមគ្នានេះ APF ក៏នៅតែចង់ឃើញកម្ពុជា និងថៃមានទំនាក់ទំនងល្អប្រសើរឡើងវិញ ដោយផ្អែកលើការទទួលស្គាល់អធិបតេយ្យភាព បូរណភាពទឹកដីទៅវិញ ទៅមក និងភាពមិនអាចរំលោភបាននៃព្រំដែន ព្រមទាំងការខណ្ឌសីមាព្រំដែនស្របតាមច្បាប់អន្តរជាតិ។ តែអ្នកជំនាញកិច្ចការអន្តរជាតិយល់ថា ការអំពាវនាវរបស់ APF គ្មានអំណាចបង្ខំផ្នែកច្បាប់ទេ តែមានឥទ្ធិពលផ្នែកនយោបាយ និងការទូត។ តើការអំពាវនាវរបស់សភាប្រើភាសាបារាំង APF អាចមានឥទ្ធិពលកម្រិតណានៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ?
  • ហេតុអ្វីព័ត៌មានក្លែងក្លាយមានការកើនឡើងក្នុងឆមាសទី១ ​ឆ្នាំ​២០២៦? 11.07.2026 11m
    អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ព័ត៌មានក្លែងក្លាយបានកើតឡើងជាង ២ពាន់ករណី ពោលកើន ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញសង្គម និងផ្នែកសារព័ត៌មាននានា បានកត់សំគាល់ថា កំណើនព័ត៌មានក្លែងក្លាយ ដោយសារតែការថយចុះនៃព័ត៌មានវិជ្ជាជីវៈ។ ម្យ៉ាងទៀត កំណើននៃព័ត៌មានក្លែង​ក្លាយ ក៏ដោយសារតែការបញ្ចេញព័ត៌មានពិតនៅមានភាពយឺតយ៉ាវ និងមានការរឹតត្បិត៕
  • តើរដ្ឋគួរកែទម្រង់នីតិវិធីរដ្ឋបាលបែបណាដើម្បីបង្កការងាយស្រួលដល់អ្នកជំនួញ និងវិនិយោគិន? 10.07.2026 10m
    ថ្មីៗនេះ ម្ចាស់សិប្បកម្មផលិតសាប៊ូម្នាក់បានលាតត្រដាងពីភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាល ដូចជាថា ខ្លួនត្រូវឆ្លងកាត់ក្រសួងចំនួន៩ និងនាយកដ្ឋានចំនួន ១៤ ទម្រាំអាចបើកដំណើរការសិប្បកម្មផលិតសាប៊ូបាន។ ម្ចាស់សិប្បកម្មបានលើកឡើងថា សុពលភាពនៃលិខិតបទដ្ឋានគតិយុត្តិខ្លះតម្រូវឱ្យបង់ប្រាក់ ជារៀងរាល់ ១ខែ ៣ខែ កន្លះឆ្នាំ ១ឆ្នាំ រហូតដល់ ១០ឆ្នាំ។ ជុំវិញករណីនេះ អ្នកជំនាញជំរុញឱ្យរដ្ឋាភិបាលដោះស្រាយភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាលសម្រាប់អ្នករកស៊ី និងវិនិយោគិន ដើម្បីជៀសវាងការប៉ះពាល់ដល់បរិយាកាសវិនិយោគនៅកម្ពុជា។
  • តើអនុសាសន៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិសំខាន់យ៉ាងណាចំពោះការពង្រឹងសេដ្ឋកិច្ចកម្ពុជា? 09.07.2026 13m
    មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានផ្តល់អនុសាសន៍ឱ្យកម្ពុជាពន្លឿនការធ្វើកំណែទម្រង់ជារចនាសម្ព័ន្ធ ដោយកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ពង្រឹងអភិបាលកិច្ច ធ្វើពិពិធកម្មទីផ្សារនាំចេញ ពង្រឹងសន្តិសុខថាមពល និងប្រព័ន្ធទិន្នន័យ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម។ IMF ក៏បានប៉ាន់ប្រមាណដែរថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៦ នឹងស្ថិតក្នុងរង្វង់ប្រមាណ ៣% ដោយសារកត្តាមិនប្រាកដប្រជាជាច្រើន រួមមានសង្គ្រាមនៅមជ្ឈិមបូព៌ា ជម្លោះព្រំដែនកម្ពុជា-ថៃ ការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល។ អ្នកជំនាញសេដ្ឋកិច្ចយល់ថា ការពង្រឹងអភិបាលកិច្ចគឺជាកំណែទម្រង់ដ៏សំខាន់ដើម្បីកាត់បន្ថយភាពស្មុគស្មាញក្នុងការអនុវត្តនីតិវិធី និងបង្កើនប្រសិទ្ធភាពការងារ ពង្រឹងទំនុកចិត្តរបស់វិនិយោគិន។ តើអនុសាសន៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមានសារៈសំខាន់យ៉ាងណាចំពោះការពង្រឹងសេដ្ឋកិច្ចកម្ពុជា?
  • តើរដ្ឋាភិបាលគួរធ្វើដូចម្តេចដើម្បីឱ្យពលរដ្ឋទុកចិត្តលើការអនុវត្តគម្រោងបូមខ្សាច់ទន្លេ? 08.07.2026 14m
    នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋដែលប្រើប្រាស់បណ្តាញទំនាក់ទំនង​សង្គម បានរិះគន់ការលើកឡើងរបស់មន្ត្រីក្រសួងរ៉ែ និងថាមពលដែលថា ការបាក់ច្រាំងទន្លេមិនមែន​បណ្តាលមកពីការបូមខ្សាច់របស់ក្រុមហ៊ុនឯកជនទាំងស្រុងឡើយ តែបូកផ្សំពីកត្តាធម្មជាតិ និងកត្តាមួយចំនួនរបស់មនុស្ស។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៥ ខែកក្កដា មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ​បានលើកឡើងថា ការបូមខ្សាច់ត្រឹមត្រូវ​តាមបច្ចេកទេសមិនបណ្តាល​​​ឱ្យបាក់ច្រាំង​​ទន្លេទេ។ ផ្ទុយទៅវិញ​ និងបើតាម​​មន្ត្រីក្រសួងរ៉ែដដែល ការបូមខ្សាច់ដែល​អនុវត្តស្របតាមបច្ចេកទេស និងដែនអាជ្ញាបណ្ណកំណត់ អាច​ជួយឱ្យច្រាំងទន្លេមានភាពរឹងមាំជាងមុន។ ទោះយ៉ាងណា ពលរដ្ឋមួយចំនួននៅតែ​មើលឃើញផលវិជ្ជមាននៃការ​បូមខ្សាច់ចេញពីទន្លេ និងខ្លះទៀត​ថា ​ការអនុវត្តគម្រោង​បូម​ខ្សាច់ទន្លេខ្លះ​មានភាព​មិនប្រក្រតី។ ​​ ​​​​​តើរដ្ឋាភិបាលគួរធ្វើដូចម្តេចដើម្បីឱ្យពលរដ្ឋទុកចិត្តលើការអនុវត្តគម្រោងបូមខ្សាច់ក្នុង​ទន្លេ?
  • អ្នកឃ្លាំមើល៖ ជម្លោះព្រំដែនកម្ពុជា-ថៃនៅតែផុយស្រួយ ខណៈថៃព្យាយាមបង្កហេតុម្តងហើយម្តងទៀត 06.07.2026 11m
    នៅថ្ងៃអាទិត្យទី៥កក្កដា មានសេចក្តីរាយការណ៍ថា ទាហានថៃបានគប់គ្រាប់បែកដៃ បង្កឲ្យទាហានកម្ពុជា ៣នាក់រងរបួស។ មកដល់ពេលពេលនេះ រដ្ឋាភិបាលកម្ពុជានៅមិនទាន់ចេញមកបញ្ជាក់អំពីហេតុការណ៍នេះនៅឡើយទេ។ ក៏ប៉ុន្តែពីភាគីថៃវិញបានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងករណីគប់គ្រាប់បែក​ទៅលើទីតាំងឈរជើង​របស់​កងទ័ពកម្ពុជា នៅព្រំដែនខេត្តឧត្តរមានជ័យនេះឡើយ។ អ្នកឃ្លាំមើលកត់សម្គាល់ថា កម្សួលនៃការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃនៅតែផុយស្រួយ ខណៈកងទ័ពថៃតែងតែព្យាយាមបង្កហេតុឥតឈប់ឈរ។
  • តើការចាប់ខ្លួនជនបង្កហេតុរួចដោះលែងឲ្យនៅក្រៅឃុំ ឆ្លុះបញ្ចាំងដូចម្តេចពីការអនុវត្តច្បាប់? 04.07.2026 13m
    សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រទី៣កក្កដា​ បានសម្រេចដោះលែងលោក ឃឿន សុឡា ហៅ K01 ឲ្យនៅក្រៅឃុំបន្ទាប់ពីបញ្ជូនទៅដាក់ពន្ធនាគារបានមួយថ្ងៃ។ ការដោះលែងលោក ឃឿន សុឡា ឲ្យនៅក្រៅឃុំតែបន្តស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ​​ បានបន្សល់ចម្ងល់ពីមហាជនថា ហេតុអ្វីលោក ឃឿន សុឡា អាចនៅក្រៅឃុំ ក្រោយប្រព្រឹត្តអំពើហិង្សាដោយចេតនាលើយុវជនមួយរូប​។​ តើការចាប់ខ្លួនជនបង្កហេតុ រួចដោះលែងឲ្យនៅក្រៅឃុំដូច្នេះ ឆ្លុះបញ្ចាំងយ៉ាងណាពីការអនុវត្តច្បាប់?
  • តើការប្តូរពីផ្តល់រង្វាន់មកជាការបញ្ចុះតម្លៃលើស្រាបៀរ និងភេសជ្ជៈផ្អែម ឆ្លុះបញ្ចាំងយ៉ាងណាពីសង្គមខ្មែរ? 03.07.2026 13m
    ក្រសួងសេដ្ឋកិច្ចបានចេញសេចក្តីណែនាំថ្មីមួយនៅថ្ងៃទី១ ខែកក្កដា ដោយកំណត់ឱ្យក្រុមហ៊ុន សហគ្រាសផលិតគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ អាចលក់បញ្ចុះតម្លៃផលិតផលរបស់ខ្លួនបានដោយមិនឱ្យលើស១៥% នៃតម្លៃលក់ និងអាចបញ្ចុះដល់ ២៥% នៃតម្លៃលក់ ប្រសិនបើផលិតផលនោះជិតផុតសុពលភាព។ ការកំណត់របស់ក្រសួងសេដ្ឋកិច្ចដូចនេះធ្វើឡើង ក្រោយកម្ពុជាសម្រេចបញ្ឈប់ទាំងស្រុងរាល់ការផ្តល់ ឬប្តូររង្វាន់តាមរយៈក្រវិលកំប៉ុង គម្របដប និងរង្វាន់ ក្នុងទម្រង់ជាច្រើនទៀតរបស់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ចាប់ពីថ្ងៃទី៣០ ខែកញ្ញាតទៅ។ តើការប្តូរពីការផ្តល់រង្វាន់ មកជាការបញ្ចុះតម្លៃលើផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម ឆ្លុះបញ្ចាំងយ៉ាងណាពីសង្គមបច្ចុប្បន្ន?
  • តើចាំបាច់ឬទេ ដែលកម្ពុជាត្រូវផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក ជាថ្មីម្តងទៀត? 02.07.2026 13m
    រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៥មិថុនា បានប្រកាសពីការបន្តផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ក្រោមមូលហេតុនៃការតាមដានស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបញ្ហាប្រឈមផ្សេងៗទៀត រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូក ២ឆ្នាំជាប់គ្នាផ្ទួនៗ។ អ្នកតាមដានសង្គមយល់ថា រដ្ឋាភិបាលប្រហែលគិតគូរច្បាស់លាស់ពីការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០២៦ ដើម្បីសន្សំសំចៃថវិកាដែលត្រូវចំណាយ។ តើកម្ពុជាពិតជាចាំបាច់ត្រូវផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូកជាថ្មីម្តងទៀត?
  • តើកម្ពុជាត្រូវធ្វើយ៉ាងណា ដើម្បីរក្សាការពារមច្ឆជាតិប្រកបដោយនិរន្តរភាព? 01.07.2026 12m
    នៅក្នុងទិវាមច្ឆជាតិនាថ្ងៃទី១កក្កដានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មគឺជា «ក្រ​ពះ​របស់ជាតិ» ខណៈមច្ឆជាតិគឺជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»។ ជុំវិញការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូចនេះ អ្នកតាមដានសង្គមនានា បានមើលឃើញប្រហាក់ប្រហែលគ្នា ពីកត្តាសំខាន់ៗមួយចំនួន ដែលធានាដល់និរន្តរភាពមច្ឆជាតិ ជាពិសេសការការពារព្រៃលិចទឹក និងទប់ស្កាត់ការនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាបជាដើម។ តើកម្ពុជាត្រូវធ្វើយ៉ាងណា ដើម្បីរក្សាការពារមច្ឆជាតិប្រកបដោយនិរន្តរភាព?
  • តើកម្ពុជាគួរធ្វើអ្វីបន្ថែមទៀតដើម្បីបញ្ឈប់សកម្មភាពគឃ្លើនរបស់ថៃនៅតំបន់មានជម្លោះ? 29.06.2026 16m
    ថ្មីៗនេះ ថៃបានអះអាងពីការសាងសង់របងព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តចាន់ថាបុរីជាប់ខេត្តបាត់ដំបងរបស់កម្ពុជាដែលសម្រេចបាន ៤៥% ក្នុងដំណាក់ទី១ ឬស្មើប្រវែងសរុប ១,៣គីឡូម៉ែត្រ។ រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងក្រសួងការបរទេសបានចេញតវ៉ាភ្លាមៗចំពោះការសាងសង់របងព្រំដែនរបស់ថៃដោយបញ្ជាក់ថា ប្រាសាទខ្នារដែលថៃសង់របងព័ទ្ធយកនោះស្ថិតក្នុងទឹកដីកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិខ្លះយល់ថា ថៃកំពុងបន្តប្រើកម្លាំងយោធា និងយុទ្ធសាស្ត្រការទូតមួលបង្គាច់ដើម្បីបង្កើតភាពស្របច្បាប់នៅតំបន់កំពុងមានជម្លោះជាមួយកម្ពុជា។ តែអ្នកខ្លះទៀតហាក់ចង់ស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាដែលកំពុងបន្តប្រើប្រាស់យុទ្ធសាស្ត្រការទូតទន់ភ្លន់ជ្រុលជាមួយនឹងភាពគឃ្លើនរបស់ថៃ។ តើកម្ពុជាគួរធ្វើអ្វីបន្ថែមទៀតដើម្បីបញ្ឈប់សកម្មភាពគឃ្លើនរបស់ថៃនៅតំបន់មានជម្លោះ?។
  • តើគម្រោងបើកឲ្យចូលទស្សនាប្រាសាទពេលរាត្រីមានគុណសម្បត្តិ និងគុណវិបត្តិ​អ្វីខ្លះ? 27.06.2026 11m
    រដ្ឋាភិបាលកម្ពុជាបានសម្រេចក្នុងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បង្កើតក្រុមការងារមួយដើម្បី​សម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទពេលរាត្រីនៅកម្ពុជា។ នេះជាគម្រោងថ្មីមួយដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកកម្ពុជាបន្ថែម ខណៈធ្លាក់ចុះជិត៥០%ក្នុង​រយៈពេល៥ខែដើមឆ្នាំ២០២៦។ អ្នកជំនាញទេសចរណ៍បានស្វាគមន៍គំនិតផ្តួចផ្តើមនេះ តែពួកគេជំរុញឲ្យមានការគិតគូឲ្យបានល្អិតល្អន់បំផុតពីសុវត្ថិភាពរបស់ភ្ញៀវទេសចរ និង​ប្រាសាទនៅពេលបើកឲ្យចូលទស្សនាពេលរាត្រី​។
  • តើកម្ពុជាត្រូវការពឹងពាក់ឱ្យរុស្ស៊ីជួយពង្រឹងវិស័យយោធារបស់ខ្លួនដែរឬទេ? 26.06.2026 13m
    ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៥ មិថុនានៅសា្ថនទូតរុស្សីថា រុស្ស៊ីត្រៀមខ្លួនជានិច្ចដើម្បីជួយពង្រឹងសក្តានុពលវិស័យយោធាកម្ពុជា បើសិនជារដ្ឋាភិបាលកម្ពុជាមានតម្រូវការ។ អ្នកជំនាញកិច្ចការទំនាក់ទំនងអន្តរជាតិគាំទ្រឱ្យមានវត្តមានរុស្ស៊ីនៅក្នុងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា។ អ្នកជំនាញភូមិសាស្ត្រនយោបាយវិញក៏បានយល់ដូចគ្នា តែមិនភ្លេចដាស់​តឿន​ឱ្យកម្ពុជាប្រុងប្រយ័ត្ន ដោយមិនត្រូវបាត់បង់ឯករាជ្យភាពយុទ្ធសាស្ត្រ និងតុល្យភាពការទូតរបស់ខ្លួនជាមួយមហាអំណាចផ្សេងទៀតទេ។
  • តើសេចក្តីព្រមានរបស់ក្រសួងមហាផ្ទៃមានបង្កប់អត្ថន័យអ្វីខ្លះសម្រាប់គណបក្សប្រឆាំងនៅកម្ពុជា? 25.06.2026 9m
    នៅថ្ងៃពុធទី២៤ មិថុនា គណបក្សក្នុងសម្ព័ន្ធឆ្ពោះទៅអនាគតដែលមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សប្រជាធិបតេយ្យជឿនលឿនបានបញ្ជាក់ជំហរភ្លាមៗថា ខ្លួនតែងធ្វើសកម្មភាពនយោបាយស្របទៅតាមរដ្ឋធមនុញ្ញ និងច្បាប់នានាក្នុងប្រទេសកម្ពុជា។ ការបញ្ជាក់ដូចនេះធ្វើឡើង បន្ទាប់ពីក្រសួងមហាផ្ទៃចេញសេចក្តីព្រមានទុកជាមុនថា គណបក្សនយោបាយណាដែលហ៊ានទទួលហិរញ្ញប្បទានពីរដ្ឋបរទេស និងធ្វើសកម្មភាពតាមការបង្គាប់បញ្ជារបស់រដ្ឋបរទេសអាចប្រឈមនឹងការរំលាយចោល។ ការព្រមានរបស់ក្រសួងមហាផ្ទៃដូចនេះធ្វើឡើង បន្ទាប់ពីកាសែតឥណ្ឌាមួយបានចុះផ្សាយថា អាមេរិកត្រៀមផ្តល់ជំនួយ ២លានដុល្លារដល់គណបក្សក្រៅរដ្ឋាភិបាលនៅស្រុកខ្មែរចំនួន៥ សម្រាប់ធ្វើសកម្មភាពចូលរួមបោះឆ្នោតខាងមុខ។ អ្នកឃ្លាំមើលនយោបាយយល់ថា ប្រតិកម្មរបស់ក្រសួងមហាផ្ទៃដូចនេះហាក់លឿនជ្រុល និងថា ការព្រមានរបស់ក្រសួងមហាផ្ទៃនេះអាចជាសញ្ញាណនៃការប្រើប្រព័ន្ធច្បាប់ដើម្បីឈានទៅរំលាយបក្សប្រឆាំងថែមទៀត។
  • តើការដកសិទ្ធិនយោបាយរបស់អ្នកប្រឆាំងខ្លះឆ្លុះបញ្ចាំងបែបណាពីស្ថានភាពនយោបាយនៅមុនការបោះឆ្នោត? 24.06.2026 14m
    ក្នុងឆ្នាំ២០២៦ នេះ អ្នកនយោបាយបក្សប្រឆាំងខ្លះត្រូវបានតុលាការសម្រេចដកសិទ្ធិធ្វើនយោបាយអស់មួយជិវិត និងខ្លះទៀតក្នុងរយៈពេលកំណត់មួយ។ ជាក់ស្តែង លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ និងលោក ស៊ុន ចន្ធី អតីតប្រធានគណបក្សកម្លាំងជាតិត្រូវបានលើកលែងទោស តែគ្មានសិទ្ធិធ្វើនយោបាយ សិទ្ធចូលរួមបោះឆ្នោត និងសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោត។ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិក៏ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ក្នុងពន្ធនាគាររយៈពេល ៤ឆ្នាំ តែត្រូវព្យួរទោស និង​ហាម​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ឆ្នាំ។
  • តើការដឹកកសិផលកម្ពុជាទៅកាន់ទីផ្សារចិន តាមច្រកឡាវនឹងជួយឲ្យកម្ពុជាចំណេញយ៉ាងណា? 23.06.2026 9m
    នៅថ្ងៃទី២២ ខែមិថុនា ២០២៦ កម្ពុជា និងឡាវ បានធ្វើពិធីសម្ពោធជាផ្លូវកា​​រដើម្បីបើកច្រកថ្មី ដែលកម្ពុជាអាច​ដឹក​កសិផលរបស់ខ្លួនឆ្លងកាត់តាមប្រទេសឡាវ​ទៅកាន់ទីផ្សារចិន។ តាមអ្នកនាំពាក្យក្រសួងកសិកម្ម ការនាំកសិផលរបស់កម្ពុជា ទៅចិនដោយ​ឆ្លងកាត់ឡាវ ជួយកាត់បន្ថយពេលវេលាបានពាក់កណ្តាល ព្រោះកន្លងមកការដឹកជញ្ជូននេះ ត្រូវចំណាយពេលពី១៥ ទៅ ២០ថ្ងៃ។ កសិផលខ្មែរ ដែលត្រូវដឹក ទៅចិន ដោយឆ្លងកាត់ឡាវ រួមមាន ចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និង​ទុរេន។ តើការដឹកកសិផលកម្ពុជាទៅកាន់ទីផ្សារចិន តាមច្រកឡាវ នឹងជួយឲ្យកម្ពុជាចំណេញយ៉ាងណា?
  • តើការក្លែងបន្លំផលិតផលបណ្តាលមកពីការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ធូររលុងឬ? 22.06.2026 12m
    ថ្មីៗនេះ មានការលេចចេញការក្លែងបន្លំត្រីត្រោត ថា ជាត្រីសាល់ម៉ុន នៅហាងលក់ត្រីសាលម៉ុនដ៏ល្បីមួយក្នុងទីក្រុងភ្នំពេញ។ ការយកត្រីត្រោត មកក្លែងបន្លំថាជាត្រីសាល់ម៉ុន រួចលក់ឲ្យអតិថិជននេះ បានញ៉ាំងឲ្យមានប្រតិកម្ម និងការអាក់អន់ចិត្តពីពលរដ្ឋ ដែលតែងនិយមបរិភោគត្រីសាលម៉ុនពីហាងចរណៃ។ ការក្លែងបន្លំក៏មានផងដែរចំពោះផលិតផលផ្សេងៗទៀតនៅកម្ពុជា។ អ្នកឃ្លាំមើលសង្គម យល់ឃើញថា បញ្ហាក្លែងបន្លំចំណីអាហារបែបនេះ មិនមែនជារឿងតូចតាចនោះទេ តែវាប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងជាការធ្វើអាជីវកម្មដ៏អសីលធម៌។ តើការដែលឈ្មួញហ៊ានក្លែងបន្លំផលិតផលបណ្តាលមកពីការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ធូររលុងឬយ៉ាងណា?

Popular in

The podcast also appears in the podcast charts of these countries.